អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ កាលពីចុងខែឧសភា ឆ្នាំ២០២៤ មានសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា បានសម្រេចចិត្តចូលសាងផ្នួសជា ភិក្ខុភាវៈ រយៈពេល ០១ខែ នៅក្នុងសំណាក់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីបុណ្យបំបួសកុលបុត្រ បំពេញឧបសម្បទាជា ភិក្ខុភាវៈ រួមមាន អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ឯកឧត្តម ម៉ូវ ចរិយា ឯកឧត្តម ហេង សុផល និងលោក ហុឺ សុគា ដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធីបំបួសកុលបុត្រខាងលើនេះ មានពិធីសុំខមាទោស និងកោរសក់, ពិធីចម្រើនព្រះបរិត្ត ដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងពិធីដង្ហែរនាគ យកទៅបំបួស ក្នុងវត្តរាជបូណ៌ និងដង្ហែរនាគ ទៅកាន់ពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា បំពេញឧបសម្បទាជា ភិក្ខុភាវៈ ដែលមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាអ្នកជំនួញលេចធ្លោរមួយរូបក្នុងវិស័យអចលនទ្រព្យ។ អ្នកឧកញ៉ា ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ដែលផ្តោតលើគម្រោងអភិវឌ្ឍន៍ដីធំៗនៅភាគខាងត្បូង និងខាងកើតនៃរាជធានីភ្នំពេញ ដូចជា ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រួមនឹងទំហំដីដ៏សន្ធឹកសន្ធាប់នៅខេត្តសៀមរាប និងព្រះសីហនុ៕











