លោកអ្នកឧកញ៉ា ពុង ឃាវសែ ទទួលស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល ចុះទស្សនកិច្ចវិមានកាណាឌីយ៉ា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង​ជា​ម្ចាស់​ធនាគារ​កាណាឌីយ៉ា ​​កាលពី​ព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បាន​ទទួលស្វាគមន៍ចំពោះវត្តមាន​នៃសភាពាណិជ្ជកម្ម​កម្ពុជា​ ម៉ុងរ៉េអាល ក្នុងការចុះទស្សនកិច្ច​ទៅ​កាន់វិមានកាណាឌីយ៉ា ស្ថិតនៅ​វិថីព្រះបាទអង្គឌួង កែង​មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាស​ដំណើរទស្សនកិច្ច​របស់​ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ម៉ុងរ៉េអាល លោកអ្នកឧកញ៉ា ពុង ឃាវសែ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅ​​​​​ និងមានជំនួបពិភាក្សាដោយផ្តោតលើឱកាសវិនិយោគ និងការធ្វើធុរកិច្ច​នៅកម្ពុជា​ រួមទាំងការនាំចេញផលិតផលក្នុងស្រុក។ ជាមួយគ្នា​នេះ ក្រុមហ៊ុន អូស៊ីអាយស៊ី បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​ចំពោះលោក Kelvin K. Mo ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា​ ម៉ុងរ៉េអាល និងក្រុមប្រតិភូរបស់លោក​ដែលបានធ្វើដំណើរទស្សនកិច្ចនេះ។ ក្រុមហ៊ុន OCIC ​​របស់​លោកអ្នកឧកញ៉ា ពុង ឃាវសែ ទន្ទឹងរង់ចាំការ​សហការបន្ថែម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា​នា​ពេលខាងមុខ។

សូមជម្រាបថា លោក Kelvin K. Mo ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា នៅថ្ងៃបន្ទាប់ក៏បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ ​ជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ព្រឹក​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរ​អង្វែង​មកហើយ ចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៣។ ​ប្រទេស​កាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាង​សេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។

ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់ (FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២ពាន់លាន​ដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធ​ដល់​កម្ពុជា លើមុខទំនិញដូចជា សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ៕