អ្នកឧកញ៉ា សួរ វីរៈ ចំណាយថវិកា ១៥ម៉ឺនដុល្លារ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់វិទ្យាល័យមួយ នៅស្រុកកំណើត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងលោកជំទាវ ព្រមទាំងបុត្រ បានផ្ដល់អំណោយ​ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងវិទ្យាល័យមួយកន្លែង​នៅ​ឯស្រុកកំណើត ចំណាយថវិកា​អស់ ១៥ម៉ឺនដុល្លារ។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា អ្នកឧកញ៉ា បានវិលត្រឡប់មកវិទ្យាល័យនេះវិញ ជាមួយនឹងការបណ្ដុះនូវ​វប្បធម៌ចែករំលែក ដោយអ្នកឧកញ៉ា ថាបរិយាកាស ពីឆ្នាំ១៩៩៨ដល់២០២៤ នៅតែដដែល សម្រាប់លោកគ្រូ អ្នកគ្រូ នៅទីនេះក៏ដដែល ប៉ុន្ដែអ្វីមិនដដែលគឺ អាគារ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព អនាម័យបរិវេនសាលា កន្លែងផ្តល់សេវាម្ហូបអាហារ អនាម័យបន្ទប់ទឹក និងស្តង់ដានៃការអប់រំ។

អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ បានផ្ដល់អំណោយដល់វិទ្យាល័យរស្មីសោភ័ណ្ឌ នៅក្នុងខេត្ដកំពង់ធំ ដោយមាន ផ្លូវបេតុង ប្រវែង៨១៤ម៉ែត្រ តារាងបាល់បោះ កង់ទីន និងរូបចម្លាក់ផ្សេងៗ ដោយចំណាយថវិកាអស់ ១៥ម៉ឺនដុល្លារ។

អគារសិក្សាថ្មី

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ក៏បានឧបត្ថម្ភអគារសិក្សាចំនួន១ខ្នង​មានចំនួន៤បន្ទប់​សិក្សា និង៤បន្ទប់ទឹក ដែលបំពាក់នូវសម្ភារសិក្សាបែបទំនើប បច្ចេកវិទ្យាថ្មី ជាមួយរូបរាងអាគារថ្មីទំនើប ដល់​សាលា​បឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរ។

សូមជម្រាបជូនថា ក្នុងបេសកកម្មជួយដល់ការងារសង្គម ដើម្បីសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងចូល​រួម​ក្នុងចលនាវប្បធម៌ចែករំលែក ដើម្បីកម្ពុជា មហាគ្រួសារវីរៈប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក តែងតែចូលរួមជួយ និងធ្វើកម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជា ចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងជួយ​ឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផាជាដើម៕