កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមានអ្នកឧកញ៉ា វិញ ហ៊ួរ ជាអភិបាលក្រុមហ៊ុន តម្លៃ១៤០លានដុល្លារ មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ នឹងត្រូវធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កំពង់ផែទឹកជ្រៅដ៏ធំមួយនេះ មានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ កន្លែងនាវាចេញ-ចូល ឬផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។
កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ គម្រោងកំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ បានចុះសិក្សាតាំងពីឆ្នាំ២០១០ និងបានបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ចាប់តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មក។ សម្រាប់ដំណាក់កាលទី១ ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ប្រមាណ ១៤០លានដុល្លារ ខណៈដែលនាពេលខាងមុខ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលជំហានជាបន្តបន្ទាប់ថែមទៀត៕




