សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានកោតសរសើរនិងថ្លែងអំណរគុណដល់ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត (Kampot Port Co., Ltd) ដែលបានលះបង់ ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកំពង់ផែពហុបំណងកំពត ឱ្យចេញជារូបរាងឡើង ទោះបីមានវិបត្តិកូវីដ-១៩ នាពេលកន្លងមក។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នៅខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សូមកោតសរសើរ និងថ្លែងអំណរគុណដល់ អ្នកឧកញ៉ា វិញ ហួរ ទោះបីមានវិបត្តិកូវីដ-១៩ នៅតែអាចអភិវឌ្ឍកំពង់ផែនេះឱ្យចេញជារូបរាងឡើង។ សម្តេចបានបន្ថែមថា តាមពិតអ្នកឧកញ៉ា វិញ ហួរ មានមុខជំនួញវិនិយោគច្រើនមុខ ប៉ុន្តែអ្នកឧកញ៉ាសុខចិត្តបង្វិលទុនពីគម្រោងផ្សេងៗទៀតមកវិនិយោគលើកំពង់ផែពហុបំណងនេះ។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ បានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។ កំពង់ផែអន្តរជាតិខេត្តកំពត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត (Kampot Port) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ឈ្មោះជាផ្លូវការថា «កំពង់ផែពហុបំណងកំពត» តាមរយៈអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានតួនាទីបម្រើសេវាឱ្យនាវា ដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក លើកដាក់និងរក្សាទុកទំនិញជាកុងតឺន័រ ទំនិញទូទៅ និងអ្នកដំណើរ។
កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីគោកទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ កន្លែងនាវាចេញ-ចូល ឬផ្ទេរផ្ទុកទំនិញនៅកំពង់ផែ៕