លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប បានអញ្ជើញចូលរួម​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ១៤០លានដុល្លារ នៅខេត្តកំពត ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​សេវាកម្ម​កំពង់ផែពហុបំណងកំពត របស់អ្នកឧកញ៉ា វិញ ហួរ ដែល​ជាកំពង់ផែ​កម្រិតអន្តរជាតិខ្ពស់ជាងគេមួយ​នៅកម្ពុជា​នេះ មាន​ការ​អញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត​កំពត មន្ទីរជំនាញ ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក​ក្រុមហ៊ុន និង​សិស្សានុសិស្ស​ជា​ច្រើន​រយនាក់។

ជាមួយគ្នានោះ គេឃើញមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបពី សមាគមឧកញ៉ាកម្ពុជា ផ្ដល់កិត្តិយសអញ្ជើញចូលរួម ដូចជា៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត និងជាម្ចាស់កម្មវិធី, អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ហ៊ុន ឡាក់, អ្នកឧកញ៉ា តុល លន, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ាបណ្ឌិត ជា រតនា, អ្នកឧកញ៉ា លឹម ហេង,, អ្នកឧកញ៉ា សុខ ស្រស់,, អ្នកឧកញ៉ា ហេង ឡុង, អ្នកឧកញ៉ា ហេង សៀ, អ្នកឧកញ៉ា ភួ វាសនា ព្រមទាំងវត្តមានរបស់ អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូប និងអ្នកជំនួញ គ្រាក់ៗនៅកម្ពុជា។

អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ​​បាន​បោះទុនវិនិយោគ​លើ​វិស័យ​កំពង់ផែ​ទឹកជ្រៅ​នៅ​លើផ្ទៃដី​ទំហំ ២០៧ហិកតា ស្ថិតនៅក្នុងភូមិ​គីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្ត​កំពត។ កំពង់ផែពហុបំណងកំពត ជាគម្រោង​វិនិយោគ​ក្នុងស្រុក ១០០% ដែលមាន​ទំហំ​ទុន​វិនិយោគ​សរុប ២៤០លាន​ដុល្លារ ចែកចេញជាពីរដំណាក់កាល។

ដំណាក់កាលទី១ ដែលប្រឡាយនាវាចរណ៍នៃកំពង់ផែ​មាន​ជម្រៅទឹក ១០ម៉ែត្រ បាន​ចាប់ផ្តើម​សាងសង់​ពីឆ្នាំ​២០១៩ បាន​ចំណាយ​ទុន ១៤០លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​នេះ។ រីឯ​ដំណាក់កាលទី២ ដែល​ប្រឡាយ​នាវាចរណ៍​នៃ​កំពង់ផែ​មានជម្រៅ​ទឹក​រហូត​ដល់ ១៣ម៉ែត្រ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ២០២៤នេះ។

សូមជម្រាបថា កំពង់ផែអន្តរជាតិខេត្តកំពត ដែលជា​កម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត (Kampot Port) ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ឈ្មោះ​ជាផ្លូវការថា «កំពង់ផែពហុបំណងកំពត» តាមរយៈអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានតួនាទីបម្រើសេវាឱ្យនាវា ដែលធ្វើនាវាចរណ៍​ជាលក្ខណៈ​អន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក លើកដាក់និង​រក្សាទុកទំនិញជាកុងតឺន័រ ទំនិញទូទៅ និងអ្នកដំណើរ៕