នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបទៀត ដែលជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កំពង់ផែពហុបំណងកំពត ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀតហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗមុននឹងទៅដល់គោលដៅចុងក្រោយ។
ពិធីសម្ពោធនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ បន្ថែមពីនេះ កំពង់ផែនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេសក្នុងការចូលរួមវិនិយោគអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ គម្រោងកំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត បានចុះសិក្សាតាំងពីឆ្នាំ២០១០ និងបានបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ចាប់តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មក។ សម្រាប់ដំណាក់កាលទី១ ដែលបានសម្ពោធនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ប្រមាណ ១៤០លានដុល្លារ ខណៈដែលនាពេលខាងមុខ ក្រុមហ៊ុននឹងបន្តសាងសង់ដំណាក់កាលទី២ បន្ថែមទៀត៕














