លោកអ្នកឧកញ៉ា ទ្រី ភាព ចុះពិនិត្យការដ្ឋានកំពង់ផែកំពត និងចែកថវិកាដល់បុគ្គលិក ៣០០នាក់

ជុំវិញ​ឧកញ៉ា

កាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព ​អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប បាន​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់​កំពង់ផែកំពត ព្រមទាំងបានចែកថវិកាដល់​បុគ្គលិក-កម្មករប្រមាណជា ៣០០នាក់ ដែល​កំពុងបម្រើការនៅក្នុងការដ្ឋាននេះផងដែរ ដោយក្នុង​ម្នាក់ៗ​ទទួល​បានថវិកា​ចំនួន​ ១០ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហាញឱ្យដឹងពី​ក្រុមហ៊ុន ទ្រីភាព គ្រុប ​កំពង់ផែកំពត ​របស់​លោក​អ្នកឧកញ៉ា ទ្រី ភាព កំពុង​តែ​មាន​វឌ្ឍនភាព​លើ​ការសាងសង់​ជា​វិជ្ជមាន ខណៈ​ដែល​អគាររដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ធំ ត្រូវបាន​សាងសង់​រួចរាល់​ជា​បណ្តើរៗ ​ហើយ​អាច​​ឈាន​ទៅ​ដល់​ការ​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ។

គួររំឭកថា ក្រុមហ៊ុន ទ្រី​ភាព គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​សហប្រតិបត្តិការ​ស្ដីពី​កំពង់ផែ​កំពត ជាមួយ​ក្រុមហ៊ុន​ចិន Guangxi Beibu Gulf International កាល​ថ្ងៃទី​២៤​ ខែមេសា ឆ្នាំ២០១៨។ នៅក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ទាំងពីរ បាន​សម្រេច​​​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ ដែល​អាច​ឱ្យ​​នាវា​ធំ​ផ្ទុកទំនិញ​ពី ១​ម៉ឺន​តោន ទៅ​៣​ម៉ឺន​តោន​ចូល​ចត ផ្ទេរ និង​ផ្ទុកទំនិញ​បាន។ ក្រុមហ៊ុន​ទាំងពីរ​រំពឹងថា​គម្រោង​នេះ​នឹង​ផ្ដល់ឱកាស​ការងារ​ប្រមាណ​ជាង ៥០០​កន្លែង។

សូមជម្រាបថា ខេត្ត​កំពត​ មាន​កំពង់​ផែ​សំខាន់ៗ​ចំនួន​៥ រួម​មាន​កំពង់ផែពហុបំណងកំពត របស់អ្នកឧកញ៉ា​ វិញ​ហួរ ​ដែល​ទើប​សម្ពោធ កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ មាន​ជម្រៅ​ទឹក​រហូត​ដល់​១៣ម៉ែត្រ អាច​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់​ធំ​ៗ។ ទី២ កំពង់ផែ​​កំពត របស់​លោកអ្នកឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេងចូល។ ទី៣ កំពង់​ផែ​របស់​ជំទាវ​ កែវ ម៉ាលី សម្រាប់​ដឹក​ជញ្ជូន​នាំ​ចេញ​ស្រូវ និង​ផលិតផល​ផ្សេងៗ។ ​ទី​៤ ​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត និងទី៥ កំពង់ផែ​ពហុបំណង​កម្រិត​អន្តរជាតិ​ កំពត ឡូជីស្ទិក អេន ផត (Kampot Logistics and Port) តម្លៃ​ប្រមាណ ១៥០០ លាន​ដុល្លារ៕