អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបស្វាគមន៍ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និងឧកញ៉ា ១២រូបទៀត ដែលបានអញ្ជើញធ្វើដំណើរទស្សនកិច្ច ទៅកាន់ភ្នំបូកគោ នៅភូមិគ្រឹះរបស់អ្នកឧកញ៉ាលើភ្នំបូកគោ។
ក្នុងដំណើរទស្សនកិច្ចរបស់ឧកញ៉ាទាំង១៣រូបនេះដែរ អ្នកឧកញ៉ា សុខ គង់ ក៏បានចូលរួមសំណេះសំណាល ពិភាក្សាអំពីការអភិវឌ្ឍ និងសក្តានុពលនៃការវិនិយោគលើភ្នំបូកគោ ក្នុងឱកាសទទួលទានអាហារពេល្ងាច នៅសណ្ឋាគារ ឡឺ បូកគោ ផាឡេស មានអាយុកាលជាង១០០ឆ្នាំ និងជាសណ្ឋាគារប្រណីត និងប្រវត្តិសាស្រ្តនៅលើភ្នំបូកគោ។
សូមជម្រាបថា ភ្នំបូកគោជាតំបន់ទេសចរណ៍ដ៏ល្អពិសេសមួយនៅខេត្តកំពត ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុន សុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត ដូចជា៖ ១.តំបន់ប្រវត្តិសាស្រ្ត, ២.កន្លែងលម្ហែដែលមានខ្យល់អាកាសល្អ ហើយអាចជួយព្យាបាលសុខភាពបាន, ៣.ប្រព័ន្ធផ្លូវខ្វាត់ខ្វែង និងទី៤.ទេសចរណ៍សាសនា។ បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងអភិវឌ្ឍគម្រោងកសាងតំបន់ព្រះពុទ្ធបដិមា ដែលមានកម្ពស់១០៨ម៉ែត្រ ជាព្រះពុទ្ធបដិមាមានកម្ពស់ខ្ពស់ជាងគេនៅអាស៊ីផងដែរ។
អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពេលថ្មីៗនេះថា មកទល់បច្ចុប្បន្នលោកបានចំណាយទុនវិនិយោគអស់ប្រមាណ ៨០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនៅលើកំពូលភ្នំបូកគោ ប៉ុន្តែប្រាក់ដែលបានចំណាយទាំងនោះ នៅមិនទាន់ទទួលបានផលចំណេញមកវិញនៅឡើយទេ។ យ៉ាងណាក្តី គម្រោងវិនិយោគជាច្រើន ដែលក្រុមហ៊ុនបានកំពុងអភិវឌ្ឍនេះ គឺដើម្បីអភិវឌ្ឍភ្នំបូកគោនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏សម្បូរបែប៕