ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (WorldBridge Group) ជា «អ្នកឧកញ៉ា» នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកឧកញ៉ា សៀ ដានីញ៉ែល ត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប៊្រីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកស្រី ហាក់ វណ្ណារ៉ា។ លោកឧកញ៉ា សៀ ដានីញ៉ែល បច្ចុប្បន្នកំពុងជួយគ្រប់គ្រងដឹកនាំការងារមុខជំនួញរបស់ឪពុក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប កាន់តួនាទីជា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនវើលប៊្រីដ គ្រុប។
សម្រាប់ជីវិតគ្រួសារ អ្នកឧកញ៉ា សៀ ដានីញ៉ែល ទើបរៀបអាពាហ៍ពិពាហ៍ដ៏ធំនៅចុងឆ្នាំមុន កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនារីដ៏ស្រស់សោភាម្នាក់ឈ្មោះ ហុង លីកាសិលា ជាកូនលោក ង៉ោ ហុង និងមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអ្នកតំណាងម្តាយខាងស្រី៕



