ភរិយាលោកអ្នកឧកញ៉ា លាង ឃុន បរិច្ចាគថវិកា១ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ជុំវិញ​ឧកញ៉ា

ភរិយាលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺលោកជំទាវ តែ សុវណ្ណី បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ជានិច្ចកាលតែងតែចូលចំណែកដល់កម្មវិធីសប្បុរសធម៌នានា ព្រមទាំងចូលរួមក្នុងយុទ្ធនាកាជាច្រើនរបស់រដ្ឋាភិបាលផងដែរ។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា មានរយៈពេល ១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបជូនថា នាពេលកន្លងមក, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាមេរិក៕