ឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សុខា រៀលអីស្តេត ឯ.ក ដែលជាកូនស្រីរបស់អ្នកឧកញ៉ា សុខ គង់ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការីចូលក្រាបថ្វាយបង្គំ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង រាជធានីភ្នំពេញ។
ការក្រាបថ្វាយបង្គំនេះ ក្នុងគោលបំណងចម្បងដើម្បីនិមន្តព្រះអង្គ គូ សុភាព ចូលរួមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី កសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូច ៨៤,០០០ អង្គនៅលើខ្នងភ្នំបូកគោ ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។
ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោ គឺជាគំនិតផ្តួចផ្តើមរបស់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល និងលោកជំទាវ ព្រមទាំងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៍, ព្រះអង្គ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប, និងព្រះអង្គ ចាន់ វិសាល ព្រះចៅអធិការវត្តពារាណសីសិរីមង្គល, ព្រះអង្គ ប៉ាក់ សំអាត ព្រះចៅអធិការវត្តរតនបុប្ផារាម មហាខ្ញូង, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងពុទ្ធបរិស័ទជាច្រើនរូបទៀត។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ៕