នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀត។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងគោលបំណងដើម្បី ១.ពិនិត្យ និងពិភាក្សាលម្អិតទៅលើលទ្ធផលនៃជំនួបប្រជុំរវាងវិស័យអប់រំផ្នែកឯកជនជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅ និង ២. ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំ ក៏ដូចជាទទួលយកសំណើរ សំណូមពរថ្មីៗបន្ថែមទៀត ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខនេះ។
គួររំឭកថា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានដឹកនាំប្រតិភូនៃសមាគម អញ្ជើញចូលជួបសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបនោះដែរ សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។
សូមជម្រាបថា ក្នុងអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារទាំង១៤ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកជន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ សម្រាប់ក្រុម “ដ” “ផ្នែកអប់រំ” គឺមានលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ា ហេង វ៉ាន់ដា ជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែកឯកជន ព្រមទាំងមានអនុប្រធាន និងសមាជិក សមាជិកា ជាច្រើនរូបទៀត៕






