អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអេស្ប៉ាញ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Acciona Energía គឺជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុង អស់រយៈពេលជាង៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។
ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕







