ឧកញ៉ា សាយ សុភ័ត្រា ថ្នាក់ដឹកនាំមួយរូបប្រចាំក្រុមហ៊ុន សុខា អូតែល និងជាសមាជិកទ្រទ្រង់សមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» (The 2024 JCI Asia-Pacific Conference) នៅក្នុងសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប។

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត ៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។
កម្មវិធីមហាសន្និបាតនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពកម្មវិធីបើកការប្រជុំមហាសន្និបាទអាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០២៤ ព្រមទាំងទិដ្ឋភាពនៃការទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យនៃសិល្បៈបុរាណខ្មែរ។ រីឯកម្មវិធីបិទ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា ក្រៅពីចូលរួមក្នុងកម្មវិធីខាងលើ ឧកញ៉ា សាយ សុភ័ត្រា ក៏បានដឹកនាំក្រុមការងារ សុខាអូតែល សៀមរាប ទទួលរៀបចំកម្មវិធីខាងលើនេះ ប្រកបដោយជោគជ័យ រយៈពេល ៣ថ្ងៃពេញ។ មហាសន្និបាតនេះ ជាការរំលឹកឱ្យសមាជិកទាំងអស់ចងចាំថា ពួកគេមានទំនួលខុសត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងក្នុងតំបន់ និងពិភពលោក៕








