ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា កី ម៉ានេ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកជំទាវឧកញ៉ា កី ម៉ានេ ជាអគ្គនាយិកាក្រុមហ៊ុន ម៉ានេ គ្រុប ដែលមានបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួនដូចជា ម៉ានេ ហូថែល ខឺលេកសិន (Mane Hotel Collection), ក្រុមហ៊ុនមេធាវី ម៉ានេ (Mane Law Firm), ម៉ានេ រៀល អ៊ីស្ទេត (Mane Real Estate) និងម៉ានេ ឌីហ្សាញ & ខន់ស្ត្រាក់សិន (Mane Design & Construction)។ អ្នកឧកញ៉ា ក៏ជាសមាជិកសកម្មមួយរូប នៃសមាគមឧកញ៉ាកម្ពុជា។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែមិថុនា ក៏បានផ្ញើសារអបអរសាទរផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា កី ម៉ានេ សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ ជំទាវអ្នកឧកញ៉ា កី ម៉ានេ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

