អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនវិរៈ ប៊ុនថាំ និង NHAM24 Travel លើសេវាកម្មដឹកអ្នកដំណើរ។

កិច្ចសហការនេះ ជាផ្នែកមួយនៃការជំរុញក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា តាមរយៈសេវាកម្មរថយន្តប្រណិតដឹកអ្នកដំណើរច្រើនប្រភេទរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ កាន់តែផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់ទូទាំងប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងជួយពង្រឹងបេសកកម្មរបស់ NHAM24 Travel និងក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ទូលំទូលាយព្រមទាំងផ្តល់ឱកាសក្នុងការពង្រីកសេវាកម្មលើសពីសេវាកម្មដែលកំពុងមានស្រាប់។
ជាមួយនឹងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនទាំងពីរ 2024 NHAM24 Travel នឹងបញ្ចូលបណ្តាញរបស់វិរៈ ប៊ុនថាំ នៃ ៣៣៥ ទីតាំង និង ១០៨៧ ជើងធ្វើដំណើរទៅកាន់អតិថិជនរបស់ NHAM24 ជាង ១ លាននាក់ជាមួយនឹងវិធីសាស្ត្រធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា និងប្រទេសជិតខាងផងដែរ។
វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ផ្តល់ជូននូវសេវាកម្ម ដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម មកដល់បច្ចុប្បន្ន និងគ្រោងដំណើរការនៅប្រទេសឡាវ នាពេលឆាប់ៗនេះ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕






