អ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ពិភាក្សាពីស្នាដៃច្នៃម៉ូដ នាពេលកន្លងមក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ​កាលពី​រសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ​​បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅ​នឹង​ស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាង​ខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សានោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យ​សិល្បៈ​ប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាល​កម្រិត​ខ្ពស់នៅប្រទេសមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគម បានលើកទឹកចិត្តដល់រូបលោក​ក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃ​ប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុម​ប្រឹក្សា​ភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក​ ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយ​ទៅលើស្នាដៃ​របស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។

ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រម​ទទួល​យកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានា​លើកឡើងនៅក្នុងជំនួបនោះ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវ​ភាពស៊ិចស៊ីជ្រុលហួសហេតុ​នាំឱ្យមហាជនមិនពេញចិត្ត។

លោក ឯម រៀម សង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជា​ការច្នៃ​ប្រឌិត​របស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពី​ធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿងនេះ។ បន្ថែម​ពីនោះ​ លោកក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍ​នូវ​ស្នាដៃ​ផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិ។

សូមជម្រាបថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​​ប្រធានសមាគម បាន​បញ្ជាក់​ក្នុង​ពិធី “អ្នកស្នងមរតក” កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ថា​សមាគម​បាន​ដាក់ចេញផែនការសកម្មភាព​អាទិភាព​ចំនួន ៥​ចំណុច។ ក្នុងនោះ​​ដែរ ចំណុច​ទី១ គឺលើកកម្ពស់តម្លៃ​សីលធម៌​សង្គម​របស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយស សក្តិសមជាសិល្បករ តំណាង​ជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករ​ដែលពួកគាត់ជា​កម្លាំងស្នូល៕