ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងវគ្គសិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមបើកកម្មវិធីដោយ លោក ងិន ណែល អភិបាលរង ខេត្តរតនគិរី ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សមាគមមូលនិធិសម្តេចតេជោ,សហគ្រិនខ្មែរ,ធនាគារ វីង ម.ក,ធនាគារកាណាឌីយ៉ា,ធនាគារហ្វីលីព ព្រមទាំងដៃគូសហការផ្សេងៗទៀត រួមទាំងSME ចូលរួមប្រមាណ២០០នាក់ផងដែរ។
គួរឲ្យដឹងថា គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ និង ផ្សព្វផ្សាយច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជាដល់ប្រជាជន ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

សូមជម្រាបជូនថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា(FASMEC) កន្លងមកតែងតែរៀបចំកម្មវិធីសិក្ខា សាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយ បរិបទកូវីដ-១៩» នៅតាមបណ្តាខេត្តនានា ដោយមាន ឧកញ៉ា តែ តាំងប៉ ជាប្រធានដឹកនាំកម្មវិធីផ្ទាល់។

ការរៀបចំកម្មវិធីសិក្ខាសាលាកន្លងមកនេះ គឺដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មធុនតូច និងមធ្យម អាច លើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុង ស្រុក និងការនាំចេញ។លើសពីនោះ ក៏ជាការចែករំលែកខ្សែ សង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹង ផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។
គួរបញ្ជាក់ផងដែរថា រយៈពេល១ឆ្នាំពេញ២០២៣កន្លងទៅ FASMEC បាន រៀបចំសិក្ខាសាលា២៥រាជធានី-ខេត្ត ស្តីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលមានម្ចាស់ សហគ្រាសចូលរួមប្រមាណ ៥,៣៣៧នាក់ និងស្ត្រី២,៦០០នាក់៕





