អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្ម ព្រមទាំងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ត្រូវបានទទួលទទួលយ៉ាងកក់ក្ដៅពីលោក Ingmar Schellhas នាយកប្រតិបត្តិក្រុមហ៊ុន Bayernhafen Nürnberg។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏ចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មព្រមទាំងព្រែកជីក Rhine–Main–Danube ដោយបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ជាពិសេសបទពិសោធន៍របស់ក្រុមហ៊ុន ក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជា ប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។
Bayernhafen Nürnberg ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។ ក្រុមហ៊ុន Bayernhafen Nürnberg ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះ គឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា។
សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម កំពុងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាដូចជា អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា លាង ពៅ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៕