អ្នកឧកញ៉ា ម៉ៅ ចំណាន អំពាវនាវ៧ចំណុច ដល់សិល្បករ ជុំវិញបញ្ហាមេរោគអេដ៍-ជំងឺអេដស៍

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បាន​អញ្ជើញ​ចូលរួមជាធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី” ក្រោមអធិបតីភាព​ លោក​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅភោជនីយដ្ឋាន​ទន្លេ​បាសាក់២ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាប្រធានសមាគម​ បានលើកឡើង​ក្នុងសុន្ទរកថាខ្លី​ថា រហូតមកដល់ពេលនេះ មេរោគអេដស៍នៅតែមិន​ទាន់មានថ្នាំ​បង្កានៅឡើយ ហើយជំងឺអេដស៍នៅតែមិនទាន់មានឱសថ សម្រាប់ព្យាបាលឱ្យបានជា​សះស្បើយនៅ​ឡើយដែរ។ បន្ថែមលើនេះ មេរោគអេដស៍ និងជំងឺអេដស៍ កំពុងបន្តបង្កផលលំបាកដល់ស្ថានភាពសង្គម ក៏ដូច​ជាស្ថានភាពសេដ្ឋកិច្ចផងដែរ។ អត្រានៃការឆ្លងនៅចំណោមយុវជនវ័យក្មេង និងអត្រានៃអ្នកស្លាប់ដោយសារជំងឺ​អេដស៍​នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្ដោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់​ឱ្យសកម្មបំផុត។

ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើការអំពាវនាវ៧ចំណុច ជូនដល់​សិល្បករ-សិល្បការិនី ដូចខាងក្រោម៖

ទី១.សិល្បករ-សិល្បការិនី ទាំងអស់ ចូលរួមស្វែងយល់ពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានស៊ីជម្រៅ និង​បញ្ជ្រាបការយល់ដឹងទាំងនេះក្នុងគ្រប់ទម្រង់សិល្បៈឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាជនយើង ជាពិសេស​ក្រុម​យុវជនបង្កាខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍។

ទី២.នៅគ្រប់វេទិការនៃការសម្ដែងសូមគ្រប់ពិធីករ-ពិធីការិនី តារាសម្ដែង តារាកំប្លែងលើកអំពីសារខ្លីៗ ដែលអប់រំ​ពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានជាប់ជាប្រចាំ។

ទី៣.សូមអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតដឹកនាំរឿងខ្លីស្ដីពីការអប់រំការបង្កា និងការប្រយុទ្ធទប់ស្កាត់ការរីករាល​ដាលមេរោគអេដស៍ និងជំងឺអេដស៍។

ទី៤. សូមសិល្បករ-សិល្បការិនី បញ្ចៀសការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ តាមការ​ស្មោះស្ម័គ្រស្នេហាប្រពន្ធមួយ-ប្ដីមួយ ឬគូសង្សារតែមួយ ឬប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ​ជាប់ជាប្រចាំ​នៅពេលរួមភេទជាមួយដៃគូផ្សេង។

ទី៥.សូមសិល្បករ-សិល្បការិនី ដែលសង្ស័យថា បានប្រព្រឹត្តប្រឈមទៅនឹងការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ សូមរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលថែទាំ។
ទី៦. សូមសិល្បករ-សិល្បការិនី ចូលរួមលុបបំបាត់ការមាក់ងាយ និងការរើសអើងលើគ្រប់ទម្រង់ភេទ​នៃអ្នកផ្ទុក​មេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាមិត្តភក្ដិបងប្អូនរបស់យើង ត្រូវជួយគ្នា និងលើកទឹកចិត្តគ្នា ធ្វើការរួមគ្នា ដើម្បីភាពសុខដុមនៃសង្គមជាតិយើង។

ទី៧. សូមសិល្បករ-សិល្បការិនីទាំងអស់ ចាត់ទុកថា មានភារកិច្ចសំខាន់មួយទៀតរបស់យើង ក្រៅពីការផ្ដល់​ការកម្សាន្ត និងភាពរីករាយ គឺការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយធ្វើជា​គម្រូដល់អ្នកគាំទ្រទាំងឡាយអំពីមេរោគអេដស៍ និងជំងឺអេដស៍។

ជាចុងក្រោយ ក្នុងនាមសិល្បករ-សិល្បការិនី អ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានប្រកាសជាឱឡារិកថា យើងទាំងអស់គ្នា មានមោទនភាពបំផុត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការឈានឆ្ពោះទៅបញ្ចប់​អេដស៍នៅកម្ពុជា។ ជាមួយគ្នានោះ​ អ្នកឧកញ៉ាប្រធានសមាគម ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដល់​ដំណើរ​ការរៀបចំសិក្ខាសាលាផងដែរ៕