សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលរបស់ប្រតិភូសមាគមដែលបានចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ កាលពីថ្ងៃទី៩-១៤ ខែមិថុនា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា បានបង្ហាញលទ្ធផលជារួមថា លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអេស្ប៉ាញ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទេសចរណ៍ ឱសថ ថាមពលកើតឡើងវិញ និងប្រព្រឹត្តិកម្មទឹកកខ្វក់។ ស្របគ្នានេះ លោកស្រីអភិបាលរងក្រុង Nuremberg ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយបានបង្ហាញនូវការគាំទ្រឱ្យមានក្រុមហ៊ុនអាល្លឺម៉ង់ទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ បានបង្ហាញអំពីឆន្ទៈក្នុងការដាក់ទុនវិនិយោគ ការស្វែងរកដៃគូវិនិយោគក្នុងស្រុក និងការចុះសិក្សាសក្តានុពលទីផ្សារកម្ពុជាជាក់ស្តែង ក្នុងពេលដ៏ខ្លីខាងមុខ។
សូមជម្រាបថា ប្រតិភូសមាគមឧកញ៉ាកម្ពុជាមាន អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម ព្រមទាំង អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា លាង ពៅ បានចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគទៅសហភាពអឺរ៉ុប កាលពីថ្ងៃទី៩-១៤ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានលទ្ធផលគួរជាទីមោទនៈ៕



