៩ចំណុចរបស់អ្នកឧកញ៉ា សុខ គង់ បង្ហាញពីការទទួលខុសត្រូវ កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប (Sokimex Investment Group) ជាអ្នកជំនួញ​ចាស់វស្សាមួយ​រូប​ ដែលបាន​​ចាប់ផ្តើម​ចេញ​រកស៊ី​ដំបូង​​ពី​ដើមទុន​បន្តិចបន្តួច​​ រហូត​កសាង​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បីរន្ទឺ​​បង្កើត​បាន​ជា​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ពិភពជំនួញ​ពហុវិស័យ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីប​​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ឧកញ៉ា សុខ ចន្ថា កូនស្រី​អ្នកឧកញ៉ា សុខ គង់ ​​កាលពី​ដើមខែមិថុនា ឆ្នាំ២០២៤​នេះ បាន​បង្ហាញ​ពី​ ៩ចំណុច​ពិសេស​របស់​ អ្នកឧកញ៉ា សុខ គង់ ក្នុងការ​ផ្តល់​ជំនឿចិត្ត បង្ហាញពីការទទួលខុសត្រូវ និងកសាង​កេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ ដូចខាងក្រោម៖

១. ចុះធ្វើដោយខ្លួនឯង ពេញដៃពេញជើង ជាបទពិសោធន៍ រៀនសូត្រពីការងារ

២. ច្នៃប្រឌិត បង្កើតថ្មី ចាប់យកឱកាស សម្រេចចិត្តឱ្យលឿន

៣. កុំខ្លាចការនឿយហត់ ម៉ោងណាពេលណា ក៏ជាពេលការងារដែរ

៤. ព្យាយាម ពុះពារ កុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គ ព្រោះរឿងអ្វីក៏មានដំណោះស្រាយ

៥. តាំងចិត្តថា ត្រូវតែធ្វើឱ្យបានសម្រេចគោលដៅ

៦. គិតវិជ្ជមាន និងជឿជាក់លើខ្លួនឯង

៧. សិក្សា ស្រាវជ្រាវ ឈ្វេងយល់ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាមសំលៀង

៨. ស្មោះត្រង់ យកចិត្តទុកដាក់ ដើម្បីកសាងកេរ្តិ៍ឈ្មោះ

៩. ធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ធ្លាប់បាន​បង្ហើបឱ្យដឹង​​អំពី​ជីវប្រវត្តិ​របស់​លោក​ថា​ លោក​​បាន​ចាប់​ផ្តើម​រៀន​រក​ស៊ី តាំង​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៣ ដោយ​ពេល​នោះ​លក់​អង្ក សាំង ប្រេង អំបិល និង​ដូរ​ជ្រូក​ជា​ដើម មុន​ត្រូវ​ជាប់​ពន្ធនា​នៅ​វៀតណាម​ជាង ៧​ខែ។ លុះ​ដល់​ឆ្នាំ​១៩៧៩ ​​លោក​ក៏​បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ ដែល​ដំបូង​ឡើយ​រក​ស៊ី​បន្តិច​​បន្តួច​នៅ​លើ​ទូក តែ​​​មិន​សម​ប្រកប។​​​​ បន្ទាប់​មក​ទៀត​ លោក​ក៏​បាន​ឡើង​មក​រក​ស៊ី​លើ​ដី​គោក​វិញ ​​ដោយ​កិនកៅស៊ូ ធ្វើសំបកកង់ឡាន លក់ទៅវៀតណាម និង​មាន​ដើមទុន ​ត្រឹម​តែ​ មាស​១ជី។ ក្រោយ​មក​ទាហាន​ក៏​កម្ម៉ង់​ឱ្យ​ធ្វើ​​ស្បែកជើងកង់ឡាន ឱ្យកងទ័ព​ចំនួន ៥​ម៉ឺន​គូ ​ដែល​ពេល​នោះ​ហើយ​លោក​ទទួល​បាន​មាស​ដល់ ១០០​ជី ​​ដើម្បី​ធ្វើ​ជា​ដើម​ទុន​វិនិយោគ​លើ​មុខ​ជំនួញ​ផ្សេងៗ​ទៀត។

បច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ គឺជាម្ចាស់ក្រុមហ៊ុនសូគីមុិច អុិនវេសមេន​ គ្រុប ដែលកំពុងតែប្រតិបត្តិការ​យ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើអាជីវកម្មមួយចំនួនដូចជា៖ ស្ថានីយ៍ប្រេងឥន្ទនៈសូគីមុិច សណ្ឋាគារ​សុខាដែលមានរហូតដល់ ៧សាខា និងវិស័យអចនលទ្រព្យ៕​​