ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក យុត្ត បញ្ញា ជា «ឧកញ៉ា» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក យុត្ត បញ្ញា ជាបញ្ញវន្តមួយរូបបានបញ្ចប់ការសិក្សាពីក្រៅប្រទេស ដោយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិ ពីប្រទេសកូរ៉េខាងត្បូង។ លោក យុត្ត បញ្ញា ត្រូវបានគេដឹងថា ជាម្ចាស់សហគ្រាស ស៊ី អ អាយ ឌី អភិវឌ្ឍន៍ រ៉ាប់ប៊ើរ ឯ.ក ( CRID Aphivath Rubber Co., Ltd) ជាសហគ្រាសមានសកម្មភាពអាជីវកម្មចម្បងផ្នែកកសិកម្ម (ដាំដំណាំកៅស៊ូ)។ លើសពីនេះ លោកក៏មានមុខជំនួញលើវិស័យគ្រឿងអេឡិចត្រូនិកផងដែរ។
លោកឧកញ៉ា យុត្ត បញ្ញា ធ្លាប់បានលើកឡើងថា ចក្ខុវិស័យរបស់ C R I D គឺដើម្បីឱ្យពិភពលោកស្គាល់កៅស៊ូកម្ពុជា ប៉ុន្តែអ្វីៗត្រូវចាប់ផ្តើមពីការដាំដុះជាមុន។ ក្នុងដំណាក់កាលទីមួយ ក្រុមហ៊ុនរបស់លោកបានធ្វើរួចរាល់លើផ្ទៃដីជាង ១២០០ ហិកតា ទាំងប្រមូលផល និងដាំដុះបន្ថែម។ សម្រាប់ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនរបស់លោកកំពុងតែពង្រីកផ្ទៃដី និងដាំដុះបន្ថែមទៀត ទៅតាមផែនការគ្រោងទុក៕




