អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប (Sokimex Investment Group) មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានប្រគេនដីទំហំ ៧ហិកតា សម្រាប់កសាងវត្តព្រះអង្គធំ នៅលើភ្នំបូកគោ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ការកសាងវត្តព្រះអង្គធំ លើផ្ទៃដីទំហំ ៧ហិកតានេះ បានធ្វើកម្មវិធីបញ្ចុះបឋមសិលាប្រព្រឹត្តទៅកាល ពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីទុកជូនពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសគោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនា។ ទីតាំងវត្តព្រះអង្គធំ ស្ថិតនៅតំបន់វាលស្រែ៥០០ លើកំពូលភ្នំបូកគោ ជិតព្រះអង្គធំដែលមានកម្ពស់១០៨ម៉ែត្រ។ តាមគម្រោងវត្តព្រះអង្គធំ នឹងត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ព្រះវិហារ សាលាឆាន់ កុដិព្រះចៅអធិការ កុដិភិក្ខុសាមណេរ បន្ទប់ទឹក ខ្លោងទ្វារ ចេតិយធំ និងទាំងសួនដ៏ធំផងដែរ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សុខ គង់ បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៍ ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាលលើផ្ទៃដីមួយផ្នែកធំ ក្នុងរយៈពេលវែង ចាប់ពីឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ។
ថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ ក៏បានបង្ហើបឱ្យដឹងផងដែរថា រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅតំបន់នេះ៕




