ព្រះភិក្ខុជោតញ្ញាណោ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ (បួសរយៈពេលខ្លី) ប្រធានមូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន (ING Foundation) កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តអមដំណើរសម្តេចព្រះអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ពិនិត្យទីតាំងដីផ្ទាល់ដែលព្រះភិក្ខុជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានប្រគេនដីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីរៀបចំចាត់ចែងជាប្រយោជន៍ព្រះពុទ្ធសាសនា ទំហំ ២០០ ហិកតា ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ទីតាំងដីខាងលើនេះ ព្រះភិក្ខុជោតញ្ញាណោ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានជាវទុកក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំជាទីតាំងគោរពសក្ការៈក្នុងវិស័យព្រះពុទ្ធសាសនា (រួមមាន វត្តអារាម និងទីកន្លែងប្រតិបត្តិសមាធិជាដើម) និងការរៀបចំជាទីតាំងទេសចរណ៍ធម្មជាតិ ដោយផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា និងការការពារ អភិរក្ស ធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រនេះ។
ការបរិច្ចាគដីរបស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ គឺដោយសារអ្នកឧកញ៉ា មានសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា។ សម្រាប់ដីដែលបានបរិច្ចាគនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងប្រើប្រាស់សម្រាប់ការសាងសង់ជាអគារពុទ្ធិកសាកលវិទ្យាល័យ អគារបណ្ណាល័យសិក្សា អគាររដ្ឋបាល វិទ្យាស្ថានស្រាវជ្រាវ អគារអន្តេវាសិក រួមទាំងសំណង់ សិល្បការ្យ និងសំណង់ស្ថាបត្យកម្មផ្សេងទៀតតាមតម្រូវការរបស់ពុទ្ធិកសកលវិទ្យាល័យ។
សូមជម្រាបជូនថា ព្រះភិក្ខុជោតញ្ញាណោ អ្នកឧកញ៉ា អុឹង ប៊ុនហូវ កាលពីពេលថ្មីៗកន្លងទៅ ក៏ទើបតែបានបរិច្ចាគដីមានទំហំជាង ២ហិកតា (២២.៤២៨ ម៉ែត្រការ៉េ) ដល់ពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕





