ក្នុងនាម ជាស្ថាប័នតំណាងគោរមវន្តឧកញ៉ានៅកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការថា សមាគមឧកញ៉ាកម្ពុជា នឹងស្នើសុំបញ្ចប់គោរមងារ “ឧកញ៉ា” ពីជនសង្ស័យឈ្មោះ ស្រី សុីណា ក្នុងពេលដ៏ខ្លីខាងមុខ។ នេះយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា” ដែលសារព័ត៌មាន Oknha News ទទួលបាន។
សេចក្ដីប្រកាសព័ត៌មាន របស់ សមាគមឧកញ៉ាកម្ពុជា ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានករណីឃាតកម្មមួយបានកើតឡើង កាលពីវេលាម៉ោង ១៥:៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ក្នុង បុរីប៉េង ហួត បឹងស្នោ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងន័យនេះ សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ានៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា ក៏នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។
សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ អាស្រ័យហេតុនេះសូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕