ឧកញ៉ា កែវ មុំ បរិច្ចាគថវិកាចំនួន៥លានរៀល ជូនមន្ទីពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូលអិលធីឌី បានបរិច្ចាគថវិកាចំនួន៥លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ »។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឧកញ៉ា កែវ មុំ លើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបរាប់ទាំងអារម្មណ៍រំភើប បន្ទាប់ពីលោកជំទាវឧកញ៉ា ទទួលបានការប្រគល់សញ្ញាបត្រផ្ទាល់ពីលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។

ឧកញ៉ា កែវ មុំ បានលើកឡើងថា «នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ក្រោយពីបញ្ចប់ការសិក្សាហើយទទួលបានសញ្ញាបត្រដោយផ្ទាល់ដៃពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពី សកលវិទ្យាល័យបញ្ញាសាស្ត្រ ។ លោកជំទាវបណ្ឌិតពិតជាស្ត្រីទី ១ ដែលធ្វើការយ៉ាងអស្ចារ្យផ្ដល់នូវ ទឹកចិត្តដ៏ថ្លៃថ្លា បេះដូង មេត្តា ករុណា សម្រាប់បម្រើប្រជាជន ទាំងយប់ ទាំងថ្ងៃ ចំណាយទាំង ពេលវេលា ថវិកា កម្លាំងកាយ កម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ឡើយ»។

ឧកញ៉ា កែវ មុំ បានបន្ដថា «ជាក់ស្ដែងលោកជំទាវបណ្ឌិតមិនត្រឹមតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីឡើយ លោកជំទាវថែមទាំងបានបរិច្ចាគឧបត្ថម្ភដល់និស្សិតជ័យលាភីចំនួន ១០០៣ អង្គ/នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ ម៉ឺនរៀល ក្នុងនោះក៏មានចំណែកនាងខ្ញុំម្នាក់ដែរ ពិតជារំភើបចិត្តឥតឧបមា»។

ជាមួយនឹងទឹកចិត្ដដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឧកញ៉ា កែវ មុំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីរំភើបរីករាយឥតឧបមា នៃទឹកចិត្តដ៏មហស្ចារ្យនេះ បានសម្រេចធ្វើការបរិច្ចាគប្រាក់ចំនួន ៥លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានោះ ឧកញ៉ា កែវ មុំ ក៏បានលើកហត្ថប្រណម បួងសួងដល់គុណព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តសិទ្ធលើលោកទាំងអស់ តាមថែរក្សាលោកជំទាវបណ្ឌិត និងសម្ដេចធិបតី ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង ៤ ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ៕