អ្នកឧកញ៉ា ឧកញ៉ា ៥រូប បរិច្ចាគថវិកាជាច្រើនម៉ឺនដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្ដិសាស្រ្ដយោធាតេជោកោះថ្ម X16

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា ចំនួន៥រូប បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ប្រវត្ដិសាស្រ្ដយោធាកោះថ្ម X16។ នេះបើយោងតាមរបាយការណ៍របស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ ថ្លែងជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជាអធិបតី «ខួបលើកទី៤៧ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនេះ លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា «នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការសាងសង់វិមានឈ្នះ-ឈ្នះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបន្ដយកចិត្ដទុកដាក់អភិវឌ្ឍគម្រោងតំបន់ប្រវត្ដិសាស្រ្ដយោធាកោះថ្ម X16 និងបានបង្កើតក្រុមការងារទទួលបន្ទុកកិច្ចការអភិវឌ្ឍសម្រេចបានជាផ្លែផ្លាគួរកត់សម្គាល់»។

ជាមួយនឹងការសាងសងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ប្រវត្ដិសាស្រ្ដយោធាកោះថ្ម X16 នេះគឺទទួលបន្ទុកដឹកនាំសាងសង់ដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធីដឹងនាំ និងដំណើរការសាងសង់។

បើតាមលោក ជាម ច័ន្ទសោភ័ណ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅតំបន់ប្រវត្ដិសាស្រ្ដនេះ ដែលរួមមាន៖ អគារវេទិកាអចិន្ដ្រៃយ៍ចំនួន១ខ្នង, ទីលានបាល់ទាត់, ជីកស្រះចំនួន១ ដោយមានចម្លាក់ថ្មភក់រូបនាគ ព័ន្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាលាដំណាក់ ១ខ្នង, អគារមិត្ដភាព ១ខ្នង, ដាក់បង្គោល តបណ្ដាញអគ្គីសនី រៀបរំប្រព័ន្ធលូរំដោះទឹក ចាក់បេតុងធ្វើផ្លូវ, ដាំកូនឈើ ដាំស្មៅលម្អ និងធ្វើទីលានឧទ្ធម្ភាចក្រចំនួន៥ទីតាំង។

បន្ថែមទៀតនោះ ក៏មានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ១៤៤,៧៥៥គីឡូម៉ែត្រ, ស្ថាបនាផ្លូវក្រាលកៅស៊ូ ពីផ្លូវជាតិលេខ៧ មកដល់តំបន់ប្រវត្ដិសាស្រ្ដ យោធាកោះថ្ម X16 ប្រវែង ៩,៩គីឡូម៉ែត្រ, តម្លើងបង្គោលអង់តែន , សាងសង់សារៈមន្ទីកោះថ្ម និងបណ្ដាញអគ្គីសនី និងបំពាក់អំពូលបំភ្លឺផ្លូវ ព្រមទាំងអគារទទួលភ្ញៀវ និងអគារស្នាក់នៅ គ្រោងនឹងបញ្ចុះសីលា សាងសង់នៅថ្ងៃទី២០ ខែមិថុនានេះផងដែរ។

លោក ជាម ច័ន្ទសោភ័ណ បានឱ្យគូសបញ្ជាក់ថា បច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមិថុនា ក្រុមការងារទទួលបានថវិការពីសប្បុរសជនក្នុងស្រុកសរុបចំនួន ៤៩០ពាន់ដុល្លារហើយ ដែលថវិការទាំងនេះ បានពីសប្បុរសជនរួមមាន អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ទឹកប្រាក់២៤០ពាន់ដុល្លារ, លោកជំទាវ ឧកញ៉ា សុខ ស៊ីដា ទឹកប្រាក់ ១សែន ៨ម៉ឺនដុល្លារ, ឯកឧត្តម លឹម ប៊ុណ្ណា ទឹកប្រាក់ ៥ម៉ឺនដុល្លារ និង លោកឧកញ៉ា ស៊ូ ជុងជៀន ទឹកប្រាក់២ម៉ឺនដុល្លារ។

សូមជម្រាបជូនថា បើតាម លោក ជាម ច័ន្ទសោភ័ណ ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងតំបន់ប្រវត្ដិសាស្រ្ដយោធាកោះថ្ម X16 នេះ គឺប្រើប្រាស់ទាំងថវិការបស់សប្បុរសជននានា និងថវិកាគាំទ្ររបស់ក្រសួងការពារជាតិប្រទេសវៀតណាម ដោយមិនប្រើប្រាស់ថវិការបស់រដ្ឋឡើយ៕