តើអ្នកឧកញ៉ា វិញ ហួរ កំពុងប្រកបមុខជំនួញ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត (Kampot Port Co., Ltd) ជា​អ្នកជំនួញ​ពហុវិស័យ​ដ៏​លេចធ្លោរមួយ​រូប​នៅ​កម្ពុជា ដែល​​កំពុង​កាន់កាប់​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ដៃ ខណៈ​ដែល​កាល​ដើមខែមិថុនា ឆ្នាំ២០២៤​នេះ អ្នកឧកញ៉ា ទើប​សម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០​លានដុល្លារ នៅខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី កំពត អេឡិកទ្រីស៊ីធី សឹបផ្លាយ (Kampot Electricity Supply Co., Ltd) ​​​​ដែល​បាន​បើក​ដំណើរការ​ តាំងពី​ខែមិថុនា ឆ្នាំ២០១២។ អ្នក​ឧកញ៉ា ក៏​ជា​សហស្ថាបនិក រោងចក្រ​ផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលវិនិយោគអស់ទឹកប្រាក់ ២៣០លានដុល្លារ នៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និង​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ពីរ​ចូល​ហ៊ុន​គ្នា ជាមួយ​នឹង​​អ្នកឧកញ៉ា ស៊ី គង់ទ្រីវ។

​អ្នកឧកញ៉ា វិញ ហួរ ជាម្ចាស់​គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែល​ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនា​សម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីគោក​ទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់​ក្រុមហ៊ុន​កំពតផត និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជ​រដ្ឋាភិបាល​បានសម្បទានអនុញ្ញាតឱ្យ​ក្រុមហ៊ុន​កំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជា​ប្រឡាយ​នាវាចរណ៍ កន្លែងនាវាចេញ-ចូល ឬផ្ទេរផ្ទុកទំនិញ​នៅកំពង់ផែ។

តាមប្រភព​ជិតស្និទមួយ​ដែល​ ឧកញ៉ា ញូស៍ ទទួលបាន នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុន​កំពតផត របស់​អ្នកឧកញ៉ា វិញ ហួរ ក៏​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការរោងចក្រដែក នៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​កំពត ដែលរោងចក្រនេះ ​អាចផលិតដែកបាន​ក្នុង​បរិមាណ ៤៥ម៉ឺនតោន​ក្នុងមួយឆ្នាំ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​កាណាដា។

ជាមួយគ្នានេះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន​ក៏​គ្រោង​​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​​រោងចក្រ​ស៊ីម៉ង់ត៍ នៅខេត្តកំពង់ស្ពឺ ដែលអាច​ផលិត​ស៊ីម៉ង់ត៍​ក្នុង​បរិមាណ ២លាន​តោន​ក្នុងមួយឆ្នាំ។ លើសពីនេះ នៅខែមីនា ឆ្នាំ២០២៥ ខាងមុខ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​​ដំណើរការ​រោងចក្រ​អគ្គិសនី ដែលមាន​កម្លាំង ២៦៥មេហ្គាវ៉ាត់ នៅខេត្ត​ឧត្តរមានជ័យ។

​សូមជម្រាបថា លោក​ឧកញ៉ា វិញ ហួរ អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕