អ្នកឧកញ៉ា ហ៊ុន ឡាក់ ជួបពិភាក្សាការងារជាមួយប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានជួប​ពិភាក្សាការងារជាមួយលោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សមាគមឧកញ៉ាកម្ពុជា បាន​ឱ្យដឹងថា កិច្ចប្រជុំនេះបានជជែកពិភាក្សាគ្នាលើកិច្ចសហការ​ក្នុងការរៀបចំ​សន្និសីទចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចកាបូនក្រេឌីត បច្ចេកវិទ្យាបៃតង និងវិស័យ​កសិកម្ម ជាពិសេសកិច្ចសហការរៀបចំ “ជំនួបផ្គូផ្គងធុរកិច្ច” រវាងធុរជន/វិនិយោគិនកម្ពុជានិងជប៉ុន នៃស្ថាប័ន​ទាំងពីរ ដែលប្រកបជំនួញក្នុងវិស័យធុរកិច្ចបៃតង ដោយគ្រោងនឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

យោងតាមកិច្ចពិភាក្សា ព្រឹត្តិការណ៍ខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រមទាំង​មានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជានិងជប៉ុន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីធុរកិច្ច​ឥណទានកាបូនបច្ចេកវិទ្យាបៃតង និងវិស័យកសិកម្ម និងលើកទឹកចិត្តដល់ធុរជន/វិនិយោគិន​ចូលរួមក្នុងការធ្វើ​ធុរកិច្ច​បៃតងឱ្យកាន់តែច្រើនថែមទៀត។

ក្រៅពីសន្និសីទខាងលើ ក៏នឹងមានការរៀបចំជាការបំពេញទស្សនកិច្ចតាមទីតាំងផ្ទាល់ និងជំនួបផ្គូផ្គងធុរកិច្ច រវាងគណៈប្រតិធុរកិច្ចជប៉ុន និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដើម្បីផ្ដល់ឱកាសចាប់ដៃគូសហការវិនិយោគ និងផ្គូផ្គងធុរកិច្ចជាមួយគ្នា។

ជាការឆ្លើយតប អ្នកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍​ខាងលើ ព្រមទាំងនឹងកៀរគរសមាជិកសមាគមចូលរួមឱ្យបានច្រើនកុះករផងដែរ។ អ្នកឧកញ៉ាមានសុដ្ឋិនិយម​ខ្ពស់ថា ព្រឹត្តិការណ៍ធុរកិច្ចនេះ នឹងមិនត្រឹមផ្ដល់ឱកាសក្នុងការសហការវិនិយោគរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរឱ្យកាន់តែសកម្ម​ថែមទៀត។