អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា គោរមវន្តឧកញ៉ា ដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា គ្រាន់តែជាគោរមងារតែប៉ុណ្ណោះ បើប្រព្រឹត្តល្មើសច្បាប់ គឺមានទោសដូចតែប្រជាពលរដ្ឋទូទៅ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ស្រី ស៊ីណា បន្ទាប់ពីឧកញ៉ារូបនេះ បានប្រព្រឹត្ដអំពើឃាតកម្មទៅលើគូដណ្ដឹង២រូប នៅបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងការបញ្ចប់គោរមងារឧកញ៉ា ស្រី ស៊ីណា ម្សិលមិញនេះដែរ អ្នកឧកញ៉ា លឹម ហេង បានបង្ហោះរូបភាព និងភ្ជាប់ជាមួយសារលើបណ្តាញសង្គម យ៉ាងដូច្នេះថា៖ “បញ្ចប់គោរមងារ គោរមវន្តឧកញ៉ា គ្រាន់តែជាគោរមងារតែប៉ុណ្ណោះ បើប្រព្រឹត្តល្មើសច្បាប់មានទោសដូចតែប្រជាពលរដ្ឋទូទៅ”។
អ្នកឧកញ៉ា លឹម ហេង ធ្លាប់បានថ្លែងប្រាប់ ឧកញ៉ា ញូស៍ ថាការបញ្ចប់គោរមងារឧកញ៉ា ដោយយោងតាមស្មារតីព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាថ្មី ដែលត្រូវឆ្លងកាត់ដល់៩ស្ថាប័នពាក់ព័ន្ធ គឺមិនមានការពិបាកនោះទេ ប៉ុន្តែចំពោះការស្នើសុំគោរមងារថ្មី ទើបអាចនឹងលំបាក។
«ដូច្នេះសម្រាប់ការបញ្ចប់គោរមងារ ដូចជាមិនមានអ្វីពិបាកនោះទេ ព្រោះការដាក់ឆ្លងគណៈកម្មការអន្តរក្រសួងទាំង ៩ស្ថាប័ន គឺងាយស្រួលទេ ព្រោះយើងដឹងថាកំហុសដែលបុគ្គលធ្វើខុស ត្រូវតែមានសក្ខីកម្មណាមួយ។ ឧទាហរណ៍ដូចជា មានសាលក្រមពីតុលាការ ឬជាប់ឈ្មោះជាពិរុទ្ធជន។ ដូច្នេះការបញ្ចប់គោរមងារមិនមានការលំបាកទេ ប៉ុន្តែបើការស្នើសុំគោរមងារថ្មី ប្រហែលជាមានការលំបាក ដើម្បីឆ្លងកាត់ ៩ស្ថាប័នពាក់ព័ន្ធនេះ»។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែម។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាចេញ «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។
ព្រះរាជក្រឹត្យស្តីពីឧកញ៉ាថ្មីនេះ បានចែងឱ្យបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។ គ.ព.វ.គ. មានសមាសភាពមកពីក្រសួងស្ថាប័នចំនួន ៩ ជាសមាជិក និងលេខាធិការ ដោយមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន៕