មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា រួមទាំងសប្បុរសជននានា ឧបត្ថម្ភជនពិការកំបុតដៃទាំងពីរ ចំនួន ១៧៨នាក់ ក្នុងម្នាក់ ១លានរៀល នៅសណ្ឋាគារ សាន់ & មូន រីវើសាយ

ជុំវិញ​ឧកញ៉ា

មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា នាព្រឹក ថ្ងៃសៅរ៍ ទី២២ ខែ មិថុនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំ និងជូនប្រាក់ឧបត្ថម្ភដល់បងប្អូនជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស សរុបប្រមាណ ១៧៨នាក់ បន្ថែមទៀត នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជិតស្ពានអាកាសក្បាលថ្នល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីជួបជុំជនពិការកំបុតដៃទាំង២ ប្រចាំឆ្នាំ២០២៤នេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និង អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ តាមរយៈមូលនិធិ បានជូនថវិកាដល់បងប្អូនជនពិការកំបុតដៃទាំង២ ក្នុងម្នាក់ ចំនួន ១លានរៀល ព្រមទាំងអាហារហូបចុក និងភេសជ្ជៈមួយឈុត ដែលរៀបចំឡើងដោយចុងភៅ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ លំដាប់ផ្កាយ ៥ Sun & Moon, Riverside Hotel ខណៈអ្នកជូនដំណើរបងប្អូនជនពិការមក ក៏ទទួលបានការឧបត្ថម្ភដាច់ដោយឡែកផងដែរ ។

ក្នុងនាមជាម្ចាស់ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏សូមថ្លែងអំណរគុណជាអនេកជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនជនពិការកំបុតដៃទាំង ២ នាពេលនេះ។

អ្នកឧកញ៉ា ម្ចាស់សណ្ឋាគារ SUN & MOON, Riverside Hotel បន្ថែមថា គិតមកដល់ពេលនេះ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ជួយឧបត្ថម្ភប្រចាំឆ្នាំ ដល់បងប្អូនជនពិការកំបុតដៃទាំង២, ចូលរួមក្នុងសកម្មភាពសប្បុសធម៌ជួយសង្គម និងបន្សល់ទុកនូវសមិទ្ធផលនានា គឺមាន រយៈពេលជាង ៩ឆ្នាំមកហើយ។ ជាការកត់សម្គាល់ បងប្អូនជនពិការកំបុតដៃទាំង២ ដែលជាសមាជិករបស់មូលនិធិ មានអ្នកខ្លះ បានបន្តប្រឹងប្រែង រៀនសូត្រចំណេះជំនាញ វិជ្ជាជីវៈ រហូតបញ្ចប់បរិញ្ញាបត្រ បរិញ្ញាបត្ររងពីមហាវិទ្យាល័យ ព្រមទាំងទទួលបានការងារល្អធ្វើដូចគេដូចឯង ហើយអ្នកខ្លះទៀត យកថវិកាឧបត្ថម្ភធ្វើជាដើមទុន បង្កើតមុខរបរចិញ្ចឹមជីវិត ជួយសម្រាលបន្ទុកគ្រួសារ និងបន្ទុករបស់រដ្ឋាភិបាល ថែមទៀតផង។

គួររំលេចដែរថា ផ្អែកតាមរបាយការណ៍បឋម និងដាច់ដោយឡែក ពីមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា ផ្ទាល់ បានឱ្យដឹងថា ជនពិការកំបុតដៃទាំងពីរ ទាំង ១៧៨នាក់ ក្នុងឆ្នាំ២០២៤ ដែលបានអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភ ពីសប្បុរសជន តាមរយៈមូលនិធិ នាពេលនេះ មានជនពិការដោយសារតែការឆក់ខ្សែភ្លើងចំនួន ៤៦% ពិការពីកំណើតមាន២៩% រីឯរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់កាំភ្លើងចំនួន ២០% និងដោយសារជំងឺ ឬគ្រោះថ្នាក់ផ្សេងៗមានចំនួន ១៥% ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកទទួលទាន ដែលប្រឈមហានិភ័យ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពេលបំពេញការងារប្រចាំថ្ងៃ។ ដោយឡែក សម្រាប់បងប្អូន ដែលអកុសល រងគ្រោះ ឈានដល់ពិការដៃទាំង ២ ឬអវៈយវៈណាមួយ សូមកុំអស់សង្ឃឹម បងប្អូនពិការអវៈយវៈ តែសូមកុំពិការចិត្ត និងការខិតខំប្រឹងប្រែង តស៊ូឱ្យសោះ៕