អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់ សណ្ឋាគារ សាន់ & មូន រីវើសាយ យល់ឃើញថា បើទោះបីជាមានការជជែកវែកញែក និងមានការមិនពេញចិត្ដ នឹងគោរមងារ “ឧញ៉ា” ដោយបុគ្គល ដែលមានងារជាឧកញ៉ាមួយចំនួន បានប្រព្រឹត្ដិទង្វើមិនល្អ ប៉ះពាល់ដល់ អ្នកដែលមានងារជាឧកញ៉ាផ្សេងទៀតក៏ដោយ ប៉ុន្ដែសម្រាប់ អ្នកឧកញ៉ាផ្ទាល់ គឺមិនមានការអាក់អន់ចិត្ដនោះទេ ព្រោះថា “មាស មិនដែលក្លាយជាកាឡៃ នោះទេ!” ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីជួបជុំ និងជូនប្រាក់ឧបត្ថម្ភដល់បងប្អូនជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ាបណ្ឌិត ជា រតនា លើកឡើងថា៖ “ជាការពិត មាសមិនដែលក្លាយជាកាឡៃនោះទេ ហើយកាឡៃក៏មិនអាចក្លាយទៅជាមាសបានដែរ ហើយសកម្មភាពទាំងអស់ក៏មិនអាចប៉ះពាល់ទៅលើគោរមងារបានដែរ” ។
អ្នកឧកញ៉ាបណ្ឌិត ពន្យល់ថា៖ “គោរមងារផ្សេង បុគ្គលផ្សេង អត់ដែលមានគោរមងារណាទៅប្រព្រឹត្ដិរឿងមិនល្អទេ មានតែបុគ្គលទេដែលទៅប្រព្រឹត្ដិរឿងមិនល្អ អុីចឹង ចំពោះអ្នកដែលមិនមានការត្រឹះរិះពិចារណា សូមកុំមានការយល់ច្រឡំ។ ការយល់ច្រឡំនឹងគោរមងារ ពាក់ព័ន្ធទៅដល់ថ្នាក់ដឹកនាំ ពាក់ព័ន្ធទៅដល់អង្គព្រះមហាក្សត្រ ដែលទ្រង់អត់បានដឹង ហើយគ្រប់គ្នាត្រូវយល់ឱ្យច្បាស់ថា អ្វីជាឧកញ៉ា? អ្វីជាបុគ្គល? គោរមងារជាអ្វី?“
ប្រធាន មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា រូបនេះ យល់ឃើញថា៖ “យើងត្រូវបែងចែកឱ្យច្បាស់រវាងបុគ្គល និងគោរមងារ! បុគ្គលគ្រប់រូប មិនមែនតែឧកញ៉ា អ្នកនយោបាយ ឬក៏ពលរដ្ឋសាមញ្ញនោះទេ កាលណាធ្វើអ្វីមួយខុសទៅនឹងច្បាប់របស់ប្រទេសជាតិ គឺច្បាប់នឹងចាត់ចែងហើយ ប៉ុន្ដែបុគ្គលដែលទទួលបានគោរមងារ កាលណាធ្វើខុស វាជាសកម្មភាពរបស់បុគ្គលនោះទេ មិនមែនជាសកម្មភាពរបស់គោរមងារនោះទេ”។
អ្នកឧកញ៉ាបណ្ឌិត ចិត្តធម៌ ដែលទើបតែរៀបចំកម្មវិធីជួបជុំ និងជូនប្រាក់ឧបត្ថម្ភដល់បងប្អូនជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស សរុបប្រមាណ ១៧៨នាក់ បន្ថែមទៀត នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជិតស្ពានអាកាសក្បាលថ្នល់ រូបនេះ មើលឃើញថា ពេលបច្ចុប្បន្ននេះ ក្នុងការបញ្ចេញមតិ នៅកម្ពុជា គឺបងប្អូនមហាជនទូទៅ មានសិទ្ធពេញលេញគ្រប់បែបយ៉ាង ប៉ុន្ដែសូមការបញ្ចេញមតិនោះថ្លឹងថ្លែងឡើងវិញ ជៀសវាងកុំឱ្យប៉ះពាល់ដល់បញ្ហាគោរមងារ ពីព្រោះថា ឧកញ៉ា ឥឡូវក៏មានសមាគមឧកញ៉ានៅកម្ពុជា ដែរ ហើយសមាគមឧកញ៉ា បាននិងកំពុងខិតខំរក្សាកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ានៅកម្ពុជា ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ ហើយឱ្យកាន់តែមានកិត្ដិយសទៅលើគោរមងារ “ឧកញ៉ា” ៕