កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង លោក ស្រី ស៊ីណា ជា «ឧកញ៉ា» ដែលរហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានរយៈពេល ១៧ឆ្នាំគត់។ បច្ចុប្បន្នលោក ស្រី ស៊ីណា ត្រូវបានបញ្ចប់គោរមងារ «ឧកញ៉ា» វិញ និងកំពុងត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ពាក់ព័ន្ធករណីឃាតកម្ម។
អតីតឧកញ៉ា ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយហេតុការណ៍ខាងលើនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ស្រី ស៊ីណា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤តាមការស្នើសុំដោយផ្ទាល់ពី សមាគមឧកញ៉ាកម្ពុជា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាជាស្ថាពរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីឃាតកម្មរបស់ លោក ស្រី ស៊ីណា តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា ២សំណុំរឿងគឺ៖ សំណុំរឿងទី១ (ជនរងគ្រោះស្លាប់២នាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ឆ្នាំ, សំណុំរឿងទី២ (ជនរងគ្រោះរបួស២នាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ឆ្នាំ ផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ ឱ្យបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទៀតថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា បណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ ជាមួយគ្នានេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងមាត់ នៅក្នុងសំណុំរៀងនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕