ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក រុណ រដ្ឋា នាយកប្រតិបត្តិបុរី លន ស៊ីធី

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ លោក រុណ រដ្ឋា ជា «ឧកញ៉ា» ​​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រុណ រដ្ឋា ត្រូវបានគេដឹងថា​ ជានាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន ខេត្តព្រះសីហនុ និង​ជាស្វាមីរបស់លោកស្រី លន ល័យហួយ ដែលត្រូវជាកូនស្រីរបស់ អ្នកឧកញ៉ា តុល លន ​អនុប្រធានសមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជា​ស្ថាបនិក​ក្រុមហ៊ុន​ លន ស៊ីធី គ្រុប។

ក្រុមហ៊ុនក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគ​ប្រមាណ ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋាន តាមបែបស៊ីវិស័យ លើផ្ទៃដីសរុប៦៦ហិកតា នៅ​បណ្ដោយ​ផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធី​បើកការសាងសង់​គម្រោង​ដ៏​ធំ​ខាង​លើ​នេះ កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក​ឧកញ៉ា រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន បានលើកឡើង​ថា គម្រោងនេះ នឹងចូលរួមចំណែក ក្នុងសកម្មភាពអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុ ជាពិសេស គឺវិស័យ​ទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាប៉ូលដ៏សំខាន់៕