វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធនៈ នៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវ ថាមពលកូរ៉េ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនេះធ្វើឡើងនៅក្នុងគោលបំណងពិភាក្សា និងពិនិត្យ មើលបច្ចុប្បន្នភាពនៃការសិក្សាសមិទ្ធិលទ្ធកម្មគម្រោងកែច្នៃប្រេងសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និង ជីសរីរាង្គនៅកម្ពុជា។
ទន្ទឹមនឹងនោះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើរសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែម លើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធន: និងជាដំណោះស្រាយសម្រាប់ បញ្ហាសំរាមផងដែរ។
ជាការឆ្លើយតប អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅ និងគាំទ្រចំពោះការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ទាំងគម្រោងកែច្នៃប្រេងពីសំបកគ្រាប់ស្វាយចន្ទី និង គម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធន:។
ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីទាញអត្ថប្រយោជន៍កាន់តែច្រើន ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ៕



