ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ម្ចាស់តំបន់ពាណិជ្ជកម្ម អ៉ឹងវណ្ណម៉ៅ បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដោយសំឡេងគាំទ្រ ១៥ លើ ១៥ ស្នើនឹង ១០០% ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី ជំនួសលោក ឈឿន ឈីវអៀន ត្រូវបានគេដឹងថា ជាប្រធានសមាគមខ្មែរ-ចិនស្រុកមង្គលបុរី, ម្ចាស់សាលារៀនចុងវ៉ា និងជាអតីតសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកឧកញ៉ា មានឪពុកក្មេកឈ្មោះ លោក វ៉ាង ឈីអីវ ជាអនិកជនខ្មែរនៅសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំងចំនួន២០រូប អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៣៥៨នាក់ អ្នកបានមកបោះឆ្នោត២៤៤នាក់ស្មើនឹង៦៨% ជាលទ្ធផលមានបេក្ខជន១៤រូបជាប់ជាសមាជិកជ្រើសតាំង ក្នុងនោះ លោក ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ត្រូវបានសមាជិក សមាជិកា បោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ដោយសម្លេងគាំទ្រ១០០%៕




