ឧកញ៉ាចំនួន៤រូប បានស័្មគ្រចិត្តលាលែងពីគោរមងារ ជា«ឧកញ៉ា» ទៅបំពេញភារកិច្ចជាមន្រ្ដីរាជការសាធារណៈ ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥៣១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧកញ៉ាៗចំនួន៤រូបរួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ឌី បញ្ញា បានបញ្ចប់គោរមងារឧកញ៉ា។
បច្ចុប្បន្ន ឧកញ៉ា សំ ប៊ន មានតួនាទីជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ខណៈដែលឧកញ៉ា ៣រូបទៀតខាងលើ ក៏មានតួនាទីជាមន្ត្រីសាធារណៈរបស់រាជរដ្ឋាភិបាលផងដែរ។
ការបញ្ចប់គោរមងារឧកញ៉ានេះ ធ្វើឡើងដោយសមីខ្លួនបានស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាជាស្ថាពរ។
សូមជម្រាបជូនថា តាមព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ជំពូកទី៤ អំពីលក្ខខណ្ឌនិងលក្ខណសម្បត្តិដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រង់មាត្រា៦ និងមាត្រា៧ បានចែងថា គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ (លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឬឧកញ៉ា) ត្រូវផ្តល់ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗនោះ ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។
ជាមួយគ្នានេះ មាត្រា៨ បានចែងយ៉ាងច្បាស់បន្ថែមទៀតថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមន្ត្រីរាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ ឧកញ៉ា ឬយកតួនាទីរបស់ខ្លួន ប៉ុន្តែសម្តេចពុំបានបញ្ជាក់ច្បាស់អំពីមន្ត្រីរាជការស៊ីវិលនោះទេ។ ទោះយ៉ាងណា ព្រះរាជក្រឹត្យថ្មី ស្តីពីគោរមងារឧកញ៉ានេះ បានកំណត់ច្បាស់តែម្តងគឺ មន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ មិនអាចមានគោរមងារឧកញ៉ានោះទេ៕