អ្នកឧកញ៉ា ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា បានស្ម័គ្រចិត្តជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត សម្រាប់មន្ត្រីបម្រើការងារក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហាជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈកាន់តែមានភាពប្រសើរឡើង។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះថា កន្លងទៅនេះ សមាគមបានខ្ចីកន្លែងរបស់ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹក ដើម្បីធ្វើទីស្នាក់ការសម្រាប់ធ្វើការងារ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោប្រធានសមាគម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើនប្រសិទ្ធភាពការងារ បានអនុញ្ញាតឱ្យលោកស្វែងរកដី និងកៀរគរសប្បុរសជនជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តាខេត្ត។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍បន្ថែមដូច្នេះថា៖ “ខេត្តបាត់ដំបង គឺអ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ជួយសាងសង់អគារទីស្នាក់ការចំនួន២ខ្នង និងបានសាងសង់រួចហើយ។ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានផ្តល់ដីរួចហើយ ហើយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា នឹងជួយសាងសង់អគារស្នាក់ការចំនួន ១ខ្នង។ រីឯខេត្តកំពត ក៏មានដីហើយ លោកក្មួយអ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ក៏បានសន្យាថានឹងជួយសាងសង់នៅខេត្តកំពតមួយទៀតផងដែរ”។
“បន្ទាប់ពីសមាគមអតីតយុទ្ធជនកម្ពុជា បានកែសម្រួលរចនាសម្ព័ន្ធដឹកនាំដែលមានកម្លាំងចម្រុះសហការគ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា បានធ្វើឱ្យការបម្រើសេវា និងដោះស្រាយបញ្ហាជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈកាន់តែមានភាពប្រសើរឡើង”។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់បន្ថែម។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្ថាបនិកមួយរូបក្នុងការកែសម្រួលក្បាលម៉ាស៊ីនដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ពីការដឹកនាំតែមួយអង្គភាព ទៅជាការដឹកនាំចម្រុះដែលមានគ្រប់អង្គភាពពាក់ព័ន្ធចូលរួម ដែលធ្វើឱ្យសមាគមអតីតយុទ្ធជនកម្ពុជា បានដំណើរការប្រកបដោយភាពជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម៕