រីសត Sdach Chhne Resort & Resident ដែលជារីសតមានអាងទឹកវែងជាងគេនៅអាស៊ី ប្រវែងដល់ទៅ ២៥០ម៉ែត្រ របស់អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស គ្រោងនឹងបើកបម្រើសេវាកម្មជូនអតិថិជនជាផ្លូវការ នៅចុងឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ា សួរ វីរៈ បានបង្ហើបឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះថា Sdach Chhne Resort & Resident នឹងចូលខ្លួនមកបម្រើអតិថិជនក្នុងឆ្នាំនេះហើយ ដែលជារីសតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា កំពុងសាង់សង់លើឆ្នេរដ៏ស្រស់ស្អាតក្នុងផ្ទៃដីជាង ៥ហិកតា ជាមួយទេសភាពថ្ងៃលិច អាងទឹកដែលមានវែងជាងគេនៅអាស៊ីប្រវែង២៥០ម៉ែត្រ និងបន្ទប់ស្នាក់នៅគ្រប់រស់ជាតិជាង ២៥០បន្ទប់ និងវីឡាលំហែរ ភោជនីយដ្ឋានបែបខ្មែរ អឺរ៉ុប បន្ទប់ហាត់ប្រាណ ស្ទីម សោណា សាលប្រជុំ និងសេវាកម្មទេសចរណ៍ដ៏សម្បូរបែប។
រីសតដ៏ប្រណិតនេះ អ្នកឧកញ៉ា សួរ វីរៈ គ្រោងនឹងបើកដំណើរការក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៥។ ទោះយ៉ាងណា អ្នកឧកញ៉ា ពុំទាន់បង្ហើបប្រាប់ពីទីតាំងរបស់រីសត ដែលជាស្នាដៃកូនខ្មែរ ១០០% នេះ ឱ្យដឹងនៅឡើយទេ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប របស់អ្នកឧកញ៉ា សួរ វីរៈ បច្ចុប្បន្នមានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕






