ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា អុឹងស៊ីតាត វីរៈ សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឧកញ៉ា អ៉ឹងស៊ីតាត វីរៈ ហៅថា «ឧកញ៉ាលក្ខណ៍» បច្ចុប្បន្នជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកឧកញ៉ា ត្រូវបានគេដឹងថា ជានាយកក្រុមហ៊ុន «DTC» ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា អុឹងស៊ីតាត វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ អ្នកឧកញ៉ា អុឹងស៊ីតាត វីរៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕