ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា សុខ សំណាង សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ា សុខ សំណាង គឺជាអគ្គនាយកក្រុមហ៊ុន ភេសជ្ជៈប៉ូការីស្វេត (Pocari Sweat)។ កន្លងមក លោកឧកញ៉ា និងភរិយា លោកស្រី ស៊ីម សុនិមល តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនរួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ បរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងឧបត្ថម្ភរថយន្តចំនួន ២គ្រឿង គិតជាថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០២៣ ជាដើម។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា សុខ សំណាង សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

