ឧកញ៉ា តែ តាំងប៉ រៀបចំពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាស​ធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា


ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ​ពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម​កម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តា​សហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត អ្នកឧកញ៉ា ឧកញ៉ា រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។

លើកឡើងនៅក្នុងកម្មវិធីនេះ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ភ្ញៀវកិត្ដិយស​ទាំងអស់ដែលបាន​អញ្ជើញ​ចូលរួមអបអរសាទរ និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា លេខាធិការដ្ឋាន នៃសមាគម​មូល​និធិសម្ដេចតេជោ។

ឧកញ៉ា តែ តាំងប៉ បានបន្ដថា នេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធី​ពិសាភោជនាហារសាមគ្គី ហើយថ្ងៃនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំទី៣ ដែលមិនធ្លាប់មាន និងដើម្បី​ចូលរួម​អបអរសាទរដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» លើកទី១។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះគឺដើម្បី​លើក​កម្ពស់ និងគាំទ្រដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែ​ច្រវ៉ាក់​ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំសម្របសម្រួលរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជារៀងរាល់​ឆ្នាំ។

ឧកញ៉ា តែ តាំងប៉ បានបន្ដថា គោលបំណង នៃការបង្កើតសមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកក្នុង​ការ​ជួយអភិវឌ្ឍន៍ និងលើកស្ទួយ វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការផ្គូរផ្គងអាជីវកម្ម ពង្រីក និងនាំចេញផលិតផល​ក្នុងស្រុកទៅកាន់​ទីផ្សារ​អន្តរជាតិ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅសមាគមមូលនិធីសម្តេចតេជោ និង FASMEC បានរៀបចំ​សិក្ខាសាលានៅទូទាំង២៥ រាជធានីខេត្ត ដើម្បីផ្តល់នៅចំណេះដឹងទាក់ទងនិង ដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ការចែករំលែកព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិ​របស់ស្ថាប័ន​ពាក់ព័ន្ធ​នានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ និងជាពិសេសគឺដកស្រង់នូវ​បញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ដែលសរុបអ្នក​ចូលរួម​មានចំនួន៤,៥០០នាក់ ដែលកម្មវិធីអាចដំណើរការបានដោយមានការ សហការ ជាមួយ មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម មន្ទីរការងារ មន្ទីរទេសចរណ៍ទាំង២៥ រាជធានី-ខេត្តក្រុង។

ក្រៅពីការងារជួយពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យម សមាគម​មូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារសង្គមសំខាន់ៗ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាច្រើន​ដូចជា បានបរិច្ចាគ និងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តមួយចំនួនទៀត ជាពិសេសបានចូលរួមជាមួយ​សាលារាជធានី​ភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត៕