អ្នកឧកញ៉ា ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់លក់រថយន្តលំដាប់ប្រណិតៗ Hawon Auto Car និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមបរិច្ចាគថវិកាចំនួន ១លានរៀល (250$) ដល់ «មូលនិធិអប់រំកុមារ» ដើម្បីយកទៅទិញកង់ សម្ភារៈសិក្សា និងអង្ករ ជូនដល់ក្មួយៗសិស្សានុសិស្សនៅ «មណ្ឌលកុមារកំព្រាជ្រៃធំ» ខេត្តកំពង់ស្ពឺ។
លោក យិន សំបូរ សហស្ថាបនិក «មូលនិធិអប់រំកុមារ» បានបង្ហាញសារថ្លែងអំណរគុណលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមិថុនានេះ យ៉ាងដូច្នេះថា៖ “តាងនាមក្រុមការងារ «មូលនិធិអប់រំកុមារ» ខ្ញុំបាទ សូមគោរពអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឈួន ហាវ៉ុន Hawon Chhuon និងក្រុមគ្រួសារ ដែលមានសទ្ធាជ្រះថ្លា ចូលរួមថវិកាចំនួន ១លានរៀល (250$) ដើម្បីយកទៅទិញកង់ សម្ភារៈសិក្សា និងអង្ករ ជូនក្មួយៗសិស្សានុសិស្ស នៅ «មណ្ឌលកុមារកំព្រាជ្រៃធំ» ស្ថិតនៅ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ សូមគោរពជូនពរ អ្នកឧកញ៉ា និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។
ឧកញ៉ា ឈួន ហាវ៉ុន សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ក្រុមការងារមូលនិធិអប់រំកុមារ នឹងនាំយកអំណោយសប្បុរសធម៌របស់មូនិធិអប់រំកុមារ ជូន មណ្ឌលកុមារកំព្រាជ្រៃធំ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដែលអំណោយទាំងអស់នោះ រួមមាន កង់ចំនួន ៩គ្រឿង, កាតាប សៀវភៅ ខ្មៅដៃ ជ័រលុប ចំនួន ៥០ឈុត អង្ករចំនួន ៨បាវ ត្រីខ ចំនួន ២កេស និងមីកញ្ចប់ចំនួន ១កេសធំ៕