ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC ជាមួយនឹងក្រុមប្រឹក្សាភិបាល សមាជិក-សមាជិកា និងអគ្គលេខាធិការដ្ឋាន នៃសមាគម បានសូមគោរពថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល អញ្ជើញចូលរួមជាអធិបតី “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា” ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមសារលិខិតសមាគមបានបញ្ជាក់យ៉ាងដូច្នេះថា « តាងនាមប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាជិក-សមាជិកា និងអគ្គលេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងFASMEC និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ឧត្តុងឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ របស់ សម្តេចធិបតី ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា” ក្នុងឱកាសអបអរទិវា ជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វត្តមានដ៏ឧត្តុងឧត្តមបំផុតរបស់ សម្តេចមហាបវរធិបតី ក្នុងឱកាសដ៏វិសេសវិសាលនេះ គឺបានផ្តល់ភាពកក់ក្តៅចំពោះ សមាគមមូលនិធិសម្តេចតេជោ និងជាកម្លាំងចិត្តដែលបានជំរុញទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នាអោយខិតខំបន្តការងារទៅមុខទៀត ដើម្បី រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខ មហាប្រសើរ ជូនដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី សូមប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបជូនថា សមាគមមូលនិធិសម្តេចតេជោ SME បានរៀបចំ “ពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា” ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ពិធីនេះជាលើកទី៣ហើយ ដែលសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ហើយថ្ងៃនេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំទី៣ ដែលមិនធ្លាប់មាន និងដើម្បីចូលរួមអបអរសាទរដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» លើកទី១។
ការរៀបចំកម្មវិធីនេះគឺដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដឹកនាំសម្របសម្រួលរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជារៀងរាល់ឆ្នាំ៕