សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលក្នុងនោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន ត្រូវបានតែងតាំងជា សមាជិកនៃក្រុមប្រឹក្សាភិបាល តំណាងមកពីផ្នែកឯកជន។

សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ គឺមានសមាសភាពតំណាងមកពីផ្នែកសាធារណៈចំនួន ៨រូប ក្នុងនោះមាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន ខណៈដែលសមាសភាពតំណាងមកពីផ្នែកឯកជនមានចំនួន ៧រូប ជាសមាជិក។
សូមជម្រាបថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានតួនាទីដូចជា៖ ១.សិក្សាទីផ្សារនិងផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ, ២.ចូលរួមប្រឹក្សាយោបល់លើការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តផែនការ, ៣.ពង្រឹងការចូលរួមគាំទ្រពីប្រភពនានា ពិសេសពីផ្នែកឯកជនលើការងារផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, ៤.ចូលរួមប្រឹក្សារៀបចំផែនការសកម្មភាពអនុវត្តយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជា, ៥.សម្របសម្រួលការផ្សព្វផ្សាយទាក់ទងនឹងវិស័យទេសចរណ៍ដែលធ្វើឡើងដោយផ្នែកឯកជននិងផ្នែកសាធារណៈ និង ៦.អនុវត្តសកម្មភាពផ្សេងៗតាមការចាំបាច់ ដើម្បីបំពេញរាល់តួនាទីនិងភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕

