ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ាបណ្ឌិត សំ សុខនឿន ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឧកញ៉ាបណ្ឌិត សំ សុខនឿន គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SAM SN Group និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ កាលចុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោកឧកញ៉ាបណ្ឌិត ក៏ទើបទទួលបានការតែងតាំងជា ទីប្រឹក្សារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជានិច្ចកាលតែងតែបង្ហាញវត្តមានក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេសជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងពេលបំពេញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ។ អ្នកឧកញ៉ាបណ្ឌិត និងភរិយា ជាសប្បុរសជនដ៏សកម្មមួយរូប ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន រួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕








