ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី ឧកញ៉ា ប៊ុន ណារី សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកស្រីឧកញ៉ា ប៊ុន ណារី គឺជាអគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ និងជាអគ្គនាយិកាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ឈូកមាស។ សាលាញូវហ្គេតវ៉េអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយឧកញ៉ា ប៊ុន ណារី ដែលមានបទពិសោធន៍ក្នុងតួនាទីជាអ្នកដឹកនាំទាំងកម្រិតក្នុងស្រុក និងអន្តរជាតិ រយៈពេលជាង ៣០ឆ្នាំ និងបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រទេសអង់គ្លេស។ បច្ចុប្បន្នសាលាញូវហ្គេតវ៉េអន្តរជាតិ របស់ឧកញ៉ា ប៊ុន ណារី មាន២សាខា ដែលសាខាទី១ ស្ថិតនៅផ្លូវ ១៥៦ កែងផ្លូវ ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសាខាទី២ នៅផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា ប៊ុន ណារី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ ជំទាវអ្នកឧកញ៉ា ប៊ុន ណារី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕