ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី ឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកស្រីឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 96 ពាណិជ្ជ (96 Peanich Co., Ltd)។ ក្រៅពីនោះ លោកស្រីឧកញ៉ា ក៏ជាប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) និងជាអគ្គនាយិកា ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ព្រមទាំងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ផងដែរ។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ ជំទាវអ្នកឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕